ពិធីបុណ្យសមុទ្រលើកទី៦ ឆ្នាំ២០១៧ នឹងធ្វើឡើងនៅខេត្តកែប។ ដើម្បីឲ្យព្រឹត្តិការណ៍នេះ កាន់តែមានភាពអស្ចារ្យជាងពេលមុនៗ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន កាលពីថ្ងៃទី១៤កក្កដា ក្នុងកិច្ចពិភាក្សាត្រៀមរៀបចំបុណ្យសមុទ្រនោះ បានដាក់ចញនូវផែនការ ៨ចំណុច។ នេះបើតាមការឲ្យដឹងពីក្រសួងទេសចរណ៍កាលពីថ្ងៃទី ១៥កក្កដា។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍
ផែនការទាំង ៨ចំណុចរួមមាន៖
១. ឯកភាពកំណត់យកបរិវេណទីតាំងមុខសាលាខេត្តកែប សម្រាប់ប្រារព្ធបើកជាផ្លូវការពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧។
២. អាជ្ញាធរខេត្តត្រូវជំរុញរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត ឲ្យបានរួចរាល់ទាន់ពេលវេលា ត្រូវខិតខំរៀបចំឲ្យមានកន្លែងស្នាក់នៅបន្ថែម ដូចជា តង់ទេសចរណ៍ឲ្យបានគ្រប់គ្រាន់។
៣. ខិតខំយកចិត្តបណ្តុះបណ្តាល និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍នានា ដើម្បីបម្រើទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧។
៤. ត្រូវខិតខំបំផុស និងណែនាំប្រជាពលរដ្ឋក្នុងខេត្តឲ្យចូលរួមត្រៀមរៀបចំ ដោយតុបតែងគេហដ្ឋានរបស់ខ្លួនឲ្យបានស្អាត មានអនាម័យល្អ និងត្រៀមជួយផ្តល់កន្លែងស្នាក់នៅដល់បងប្អូនប្រជាពលរដ្ឋដែលមកកម្សាន្តបានល្អ។
៥. សហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីរៀបចំពិព័ណ៌ពាណិជ្ជកម្ម ពិសេសជលិតផលក្នុងស្រុកឲ្យបានច្រើន។
៦. ត្រូវរៀបចំទស្សនីយភាពសិល្បៈ ឲ្យបានល្អ ដោយអញ្ជើញបណ្តាខេត្តជាប់សមុទ្រទាំង៤ និងប្រទេសជាមិត្ត ចូលរួម។
៧. ចំពោះសកម្មភាពកីឡាត្រូវរៀបចំប្រភេទកីឡាឲ្យបានសម្បូរបែប ពិសេសកីឡាលើទឹក លើអាកាសឱ្យបានច្រើន ដូចជា ទូកក្តោង និងត្រូវរៀបចំព្យុះហយាត្រាឱ្យបានល្អ។
៨. ត្រូវខិតខំយកចិត្តទុកដាក់ការពារ និងរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ ក្នុងឱកាសពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧។
សូមរម្លឹកថា បុណ្យសមុទ្រលើកទី៥ ក្នុងឆ្នាំ២០១៦ គឺបានធ្វើឡើងនៅខេត្តព្រះសីហនុ ដែលមានភ្ញៀវចូលរួមជាង ៥០ម៉ឺននាក់៕
ប្រភព៖ ខ្លីខ្លី
0 comments:
Post a Comment